ពត័មានថ្មី

កម្ពុជា​ទទួល​បាន​៦០០​លាន​ដុល្លារ​ពី​ប្រទេស​ចិន



រូបថត៖ AP
នាយករដ្ឋមន្ត្រី ​កម្ពុជា ហ៊ុន សែន​ចាប់​ដៃ​ជាមួយ​​​នាយករដ្ឋមន្ត្រី​ចិន វេន ជៀបាវ (Wen Jiabao) នៅ​មុន​ជំនួប​នា​មហាវិមាន​ប្រជាជន​នា​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០០៨។
បណ្តាញទាក់ទងគ្នា
លោក ​ហោ ណាំហុង ​បាន​បន្ថែម​ថា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​និង​លោក​នាយករដ្ឋមន្ត្រី​ វេន ជៀបាវ​ បាន​សម្រេច​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឡើង​ ដល់​២.៥០០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៥។

ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ កម្ចី​និង​ទុនវិ​និយោគ​រាប់​រយ​លាន​ ដុល្លារ​អាមេរិក​ពី​ប្រទេស​ចិន​សម្រាប់​អភិវឌ្ឍ​លើ​គម្រោង​ហេដ្ឋា​រចនា​ សម្ព័ន្ធ​ ថាមពល ​និង​កសិកម្ម។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​នាយក​រដ្ឋមន្ត្រី​ វេន ជៀបាវ (Wen Jiabao)​ បាន​សម្រេច​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឡើង​ ដល់​២.៥០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ២០១៥​ហើយ​ប្រទេស​ចិន​បាន​ សន្យា​ថា​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅកម្ពុជា​ឱ្យកាន់តែ​ ច្រើន​ឡើង​ថែម​ទៀត។

លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ប្រទេស​ កម្ពុជា​ទទួល​បាន​ប្រាក់​ប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​ដែល​ជាជំនួយ​ឥត​ សំណង​ ប្រាក់​កម្ចី​សម្បទាន​ និង​ទុន វិនិយោគ​ពី​ប្រទេស​ចិន​សម្រាប់​អនុវត្ត​គម្រោង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​ថាមពល​ ឥណទាន​ និង កសិកម្ម​ហើយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​១២។

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​៥​ថៃ្ង​ នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី១៣​ដល់​ ថ្ងៃទី១៧​ខែធ្នូលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ ហ៊ូ ជិនតាវ (Hu Jintao) ​លោក​នាយក រដ្ឋមន្ត្រី​ វេន ជៀបាវ ​និង​លោក​ប្រធាន​សភា​ប្រជាជនចិន​ វូ បាងហ្គ័រ (Wu Bangguo)។ មេដឹកនាំ​កម្ពុជា​និង​ចិន​បាន​យល់ព្រម​គ្នា​បង្កើត​ ដៃគូ​យុទ្ធសាស្ត្រ​សហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ព្រលានយន្ត ហោះ​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់ពី​បាន​វិលត្រឡប់​មកពី​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ថា​ក្នុង​ចំនួន​ទឹក ​ប្រាក់​ដែល​កម្ពុជា​ទទួល​បាន​នេះ​គឺ​មាន​​ជំនួយ​ឥត​សំណង​ចំនួន​១៥លាន​ ដុល្លារ​អាមេរិក​និង​៥៧៦​លាន​ដុល្លារ​អាមេរិក​ទៀត​ជា​កម្ចី​សម្បទាន​ និង​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន។

លោក​ហោ ណាំហុង​មាន​ប្រសាសន៍​ថា៖

«លោក វេន​ ជៀបាវ ​នាយករដ្ឋមន្ត្រី​ចិន​ បាន​ប្រកាស​ជូន​ជំនួយ​ឥតសំណង​ចំនួន​១០០លាន​យ័ន​ហើយ​ ទន្ទឹម​នឹង​នោះ​ ក៏បាន​យល់ព្រម​ផ្តល់​ឥណទាន​ជា​កម្ចី ចំនួន​៣០០លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​បី​នៅ​កម្ពុជា​ក្នុង​ ឆ្នាំ២០១០នេះ​ រួមមាន​ គម្រោង​ផ្លូវជាតិ​លេខ​២១៤​ ពីក្រុង​ត្បែង​មានជ័យ​នៃ​ខេត្តព្រះវិហារ​ទៅកាន់​ស្រុក​ថាឡាបរិវ៉ាត់​នៃ​ ខេត្ត​ស្ទឹងត្រែង​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក​ ផ្លូវជាតិ​លេខ​៧៦​ ពីក្រុង​សែន​មនោរម្យ​នៃ​ខេត្តមណ្ឌល​គីរី ចំនួន​១០០​លាន​ដុល្លារ​អាមេរិក​ទៅ​តំបន់​តាអង្គ ​និង​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ទន្លេវ៉ៃកូ ​នៅ​ខេត្តស្វាយរៀង​ជំហាន​ទីមួយ​អស់​ចំនួន​១០០លាន​ដុល្លារអាមេរិក។ នៅ​ពេល​គម្រោង​ធនធានទឹក​នៅ​ទន្លេ​វ៉ៃកូ​ចប់​អាច​ស្រោចស្រប់​ដី​ស្រែ​ប្រហែល​ ៣០០.០០០​ហិចតា»។

លោក​ហោ ណាំហុង ​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ចំនួន​១២​ដែល​បាន​ចុះហត្ថលេខា​ នេះ រួមមាន​គម្រោង​កសាង​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​មាន​តម្លៃ​ជាង​២៦,៧លាន​ ដុល្លារអាមេរិក​ ស្ពាន​តាខ្មៅ​តម្លៃ ប្រមាណ​ ៣២លាន​ដុល្លារ​អាមេរិក​ គម្រោង​អភិវឌ្ឍន៍​ស្ទឹងពោធិ៍សាត់​ជាង​៦៣​លាន​ដុល្លារអា​មេរិក គម្រោង​កសាង​កំណាត់​ផ្លូវជាតិ​លេខ​៤១​ ពី​បំបែក​ផ្លូវ​ជាតិ​លេខ៤​ត្រង់​ថ្នល់​ទទឹង​ ទៅ​ស្រុកជុំគីរី​ខេត្ត កំពត​ប្រមាណ​៤៥​លាន​ដុល្លារ​អាមេរិក។

លោក​ហោ ណាំហុង​ បាន​ថ្លែងថា​ ការផ្លាស់ប្តូរ​ពាណិជ្ជកម្មរ​វាងចិន ​និង​កម្ពុជា​ចាប់ពី​ខែ​មករា​ដល់​ខែ​តុលា​ ឆ្នាំ២០១០​នេះ ​មាន​តម្លៃ​ទឹកប្រាក់​១.១០០​លាន​ដុល្លារ​អាមេរិក។

លោក ​ហោ ណាំហុង ​បាន​បន្ថែម​ថា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​និង​លោក​នាយករដ្ឋមន្ត្រី​ វេន ជៀបាវ​ បាន​សម្រេច​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឡើង​ ដល់​២.៥០០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ ហ៊ូ ជិនតាវ ​បាន​សន្យាថា​ប្រទេស​ចិន​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​មក​វិនិយោគ​នៅ ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។

លោក​ច័ន្ទ សុផល ​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ថ្លែងថា​ ការវិនិយោគ​របស់​ប្រទេស​ចិន​លើ គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ ដូចជា​ ស្ពាន​ ផ្លូវថ្នល់ ​ប្រព័ន្ធ​ធារាសាស្ត្រ​កសិកម្ម​ និង​ថាមពល ​នឹង​ជួយ ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា៕

កម្ពុជា​និង​ស.រ.អ.​នឹង​ហ្វឹកហ្វឺន​ផ្នែក​យោធា​រួមគ្នា


រូបថត៖ AP
ទង់ជាតិសរអនិងទង់ជាតិខ្មែរ ​ បក់​រវិច​នៅ​ពី​មុខ​នាវា​ចម្បាំង​អាមេរិក​មួយ​ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​ ក្រុង​ព្រះសីហនុ​ក្នុង​ពេល​កន្លង​មក។ នាវា​ចម្បាំង​ USS Mustin ជា​នាវា​ចុង​ក្រោយ​បំផុត​ដែល​បាន​ចូល​មក​ចត​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១០​នេះ ដោយ​មាន​មេបញ្ជាការ​ជា​ជនជាតិ​អាមេរិកាំង​មាន​ដើម​កំណើត​ខ្មែរ​ផង។

បណ្តាញទាក់ទងគ្នា

«សំខាន់​បំផុត​គឺ​ខាង​ប្រឆាំង​ភេរវកម្ម​គឺ​យើង​មាន​កម្មវិធី​ហ្នឹង​ផង​ដែរ​ជា​មួយ​និង​កម្ម​​វិធី​ផ្សេងៗ​ទៀត»។
កម្ពុជា ​និង​ស.រ.អ. ​និង​ធ្វើការ​ហ្វឹកហ្វឺន​យោធា​រួមគ្នា​ ​ជា​ច្រើន​មុខ​ជំនាញ​ ​រួម​ទាំង​​ផ្នែក​ប្រឆាំង​ភេរវ​កម្ម​ផង​ ​នៅ​ឆ្នាំ​២០១១​​ខាង​មុខ។
ប្រទេស ​កម្ពុជា​និង​ស.រ.អ.​កំពុង​រៀបចំ​គម្រោង​ធ្វើការ​ហ្វឹកហ្វឺន​ផ្នែក ​យោធា​រួមគ្នា​ ជា​ច្រើន​មុខ​ជំនាញ​ ​រួមទាំង​ប្រឆាំង​​អំពើ​ភេរវ​កម្ម​ផង​នៅ​ខែមិនា​ឆ្នាំ​២០១១។
មន្ត្រី ​យោធា​ជាន់​ខ្ពស់​កម្ពុជា​និង​មន្ត្រី​ស្ថានទូត​ស.រ.អ.​ប្រចាំ​ កម្ពុជា​បាន​និយាយ​ថា​ ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំងពីរ​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​ ហ្វឹកហ្វឺន​ ​ដើម្បី​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅមក​នេះហើយ​ ​​ជា​មួយ​និង​កិច្ច​ប្រជុំ​ជា​ច្រើន។ មន្ត្រី​យោធា​កម្ពុជា​និយាយ​ថា​ ​ការ​រៀបចំ​ហ្វឹកហ្វឺន​យោធា​តាម​ទ្រង់​ទ្រាយ​តូចៗ​មាន​គ្នា​មិន​ដល់​១០០នាក់ ​ក្នុង​មុខ​ជំនាញ​ខ្លះ​នោះ​ ​នឹង​ធ្វើ​ឡើង​នៅ​តាម​ទីលាន​ នៅ​ឯ​សមុទ្រ​ ​ហើយនៅ​តាម​ព្រៃភ្នំ​ក៏​មាន​ដែរ​ ​ដើម្បី​ឲ្យ​កងទ័ព​កម្ពុជា​អាច​ពង្រីក​បទ​ពិសោធន៍​ និង​ជំនាញ​តាម​ស្តង់ដារ​អន្តរជាតិ​ និង​មាន​ការ​ទទួល​ស្គាល់​ជា​សាកល។
លោក ​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ ​បាន​អះអាង​ ថា​ ​កង​យោធា​ស.រ.អ.​និង​កង​យោធា​ខ្មែរ​ ​នៅ​តាម​ផ្នែក​ជា​ច្រើន​ ​រួម​ទាំង​កម្លាំង​ប្រឆាំ​នឹង​អំពើ​ភេរវ​កម្ម​ផង​ នឹង​ត្រូវ​ចូល​រួម​ហ្វឹកហ្វឺន។
«សំខាន់​បំផុត​គឺ​ខាង​ប្រឆាំង​ភេរវកម្ម​គឺ​យើង​មាន​កម្មវិធី​ហ្នឹង​ផង​ដែរ​ជា​មួយ​និង​កម្ម​​វិធី​ផ្សេងៗ​ទៀត»។
មន្ត្រី ​កម្ពុជា​និង​មន្ត្រី​ស្ថានទូត​ស.រ.អ.​ប្រចាំ​កម្ពុជា​បាន​និយាយ​ ថា​ ​កង​យោធា​ស.រ.អ.​ប្រចាំ​នៅ​តំបន់​អាស៊ី​គឺ​ជា​ដៃ​គូ​នៃ​ការ​ហ្វឹកហ្វឺន។​ ​ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ ​ជា​ប្រទេស​មួយ​ដែល​ស.រ.អ.​បាន​កោត​សរសើរ​ចំពោះ​ការ​ប្តូរ​ផ្តាច់​ប្រឆាំង​ នឹង​អំពើ​ភេរវកម្ម។
ប្រទេស​កម្ពុជា​ធ្លាប់ ​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​តូចៗ​ផង​ ​និង​ទ្រង់​ទ្រាយ​ធំៗ​ផង​ ​ដោយ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួម​ជា​មួយ​និង​កង​យោធា​ស.រ.អ.​ក្នុង​ សមយុទ្ធ​យោធា​ ឬ​ហៅថា​ GPOI​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១០។​ តំណាល​គ្នា​នោះ​ ​កម្ពុជា​បាន​បញ្ជូន​កង​យោធា​របស់​ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​អ.ស.ប.​ក្នុង​ បេសក​កម្ម​រក្សា​សន្តិភាព​ ដូចជា​នៅ​ប្រទេស​សូដង់​ និង​នៅ​ប្រទេស​លីបង់​ជា​ដើម៕

សហរដ្ឋ​អាមេរិក​ចង់​បញ្ចប់​បញ្ហា​បំណុល​កម្ពុជា​ឱ្យ​បាន​ឆាប់​


រូបថត៖ ម៉ែន គឺម​សេង វីអូអេ​ ខ្មែរ
លោក Joseph Yun ឧបការីរង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​សម្រាប់​​កិច្ចការ​តំបន់​​អាស៊ី​ ខាង​កើត​និង​​ប៉ាស៊ីហ្វ៊ិក ថ្លែង​នៅ ក្នុង​សវនាការ​ដេញ​ដោយ​ពី​បំណុល​កម្ពុជា​នៅ​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​​ អាមេរិក។

«យើង ​ចង់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់។​ បញ្ហា​នេះ​បាន​ក្លាយ​ជាអ្វី​ដែល​ខ្ញុំ​ហៅ​ថា​ជា​ការ​ក្តៅ​ក្រហាយ​ក្នុង​ ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ហើយ​លោក​ស្រី​ គ្លីនតុន​បាន​ធ្វើការ​ប្តេជ្ញា​ថា​យើង​នឹង​បញ្ជូន​ក្រុម​ការងារ​មួយ​ដើម្បី​ ទៅ​ពិភាក្សា​ឡើងវិញ​លើ​បញ្ហា​បំណុល​នេះ​ ពីព្រោះ​ការ​ចរចា​កាល​ពី​លើក​មុន​បាន​កើត​ឡើង​តាំង​ពីឆ្នាំ​២០០៦​មក​ម្ល៉េះ​ គឺ​មាន​ន័យ​ថា​យូរ​មក​ហើយ»។
បន្ទាប់ ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ​ហ៊ីលឡារី​ គ្លីនតុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ដែល​ ប្រទេស​ទាំង​ពីរ​ចាត់​ទុក​ថា​ជា​ជោគ​ជ័យ​ដ៏​ធំ​នៃ​កិច្ច​សហប្រតិបត្តិការ​ អន្តរជាតិ​ សហរដ្ឋ​អាមេរិក​ នា​ពេល​នេះ​ កំពុង​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​បំណុល​ដែល​កម្ពុជា​ ជំពាក់​​កាល​ពីសម័យ​សង្គ្រាម​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។
ក្រសួង ​ការ​បរទស​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ជួប​ប្រជុំ​ជា​មួយ​​មន្ត្រី ​ពាក់​ព័ន្ធ​សំខាន់ៗ​ក្នុង​ករណី​ប្រាក់​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ ដោយ​បាន​បង្ហាញ​ចេតនា​ចង់​ដោះ​ស្រាយ​បញ្ហា​ប្រាក់​បំណុល​ដែល​មាន​រយៈ​ជាង​៣៥ ​ឆ្នាំ​មក​ហើយ​នេះ​ឱ្យ​បាន​ចប់​ក្នុង​ពេល​ឆាប់ៗ។
លោក ​ ចូសេហ្វ​ យន់​ ឧបការី​រង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​ក្នុង​បទ​សម្ភាស​ពិសេ​ស​មួយ​កាល​ពី​ ថ្ងៃ​អង្គារ៍​ថា​លោក​បាន​កោះ​ប្រជុំ​​មន្ត្រី​សំខាន់​កម្រិត​អន្តរក្រសួង​ ក្នុង​នោះ​​មាន​មន្ត្រី​នៃ​ក្រសួង​រតនាគា​ររបស់​អាមេរិក​ផង​ដែរ ​ដើម្បី​ពិនិត្យ​មើល​លើ​ទិន្នន័យ​នៃ​ចំនួន​ប្រាក់​ដែល​ជំពាក់។
«យើង ​ចង់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់។​ បញ្ហា​នេះ​បាន​ក្លាយ​ជាអ្វី​ដែល​ខ្ញុំ​ហៅ​ថា​ជា​ការ​ក្តៅ​ក្រហាយ​ក្នុង​ ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ហើយ​លោក​ស្រី​ គ្លីនតុន​បាន​ធ្វើការ​ប្តេជ្ញា​ថា​យើង​នឹង​បញ្ជូន​ក្រុម​ការងារ​មួយ​ដើម្បី​ ទៅ​ពិភាក្សា​ឡើងវិញ​លើ​បញ្ហា​បំណុល​នេះ​ ពីព្រោះ​ការ​ចរចា​កាល​ពី​លើក​មុន​បាន​កើត​ឡើង​តាំង​ពីឆ្នាំ​២០០៦​មក​ម្ល៉េះ​ គឺ​មាន​ន័យ​ថា​យូរ​មក​ហើយ»។
លោក​ យន់​ សម្តែង​ក្តី​សង្ឃឹម​ថា​ក្រុម​ការងារ​មួយ​នឹង​ទៅ​ជួប​ចរចា​ជាមួយ​ប្រទេស​ កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ហើយ​រូប​លោក​អាច​ដឹកនាំ​ការ​ចរចា​នេះ​ដោយ​ផ្ទាល់​ឬ​ក៏​ចាត់​តំណាង​ទៅ​ជំនួស។
បំណុល ​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​នេះ​ បាន​កើត​ឡើង​តាំង​ពី​សម័យ​រដ្ឋាភិបាល​របស់​លោក​សេនា​ប្រមុខ​លន់​ នល់​ ដែល​ពេល​នោះ​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បី​ជាប់​ៗ​គ្នា​ជា​មួយ​ក្រសួង​ កសិកម្ម​​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៧២ ​ដល់​ឆ្នាំ​១៩៧៥ ​យល់​ព្រម​ទិញ​គ្រឿង​សម្ភារៈ​ ដូច​ជា​កប្បាស ​ថ្នាំជក់​ ប្រេងឆា​ ស្រូវ​សាឡី​ ម្សៅ​ស្រូវ​សាឡី​ និង​អង្ក។
បើ ​បូក​សរុប​ទាំង​ប្រាក់​ជំពាក់ ​ការ​ប្រាក់ ​និង​ការ​ពិន័យ​ចំពោះ​ការ​បង់​ប្រាក់​សង​យឺត​ គឺ​រហូត​មក​ដល់​ពេល​នេះ​ ប្រទេស​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ចំនួន​៤០៥​លាន​ដុល្លារ។
ប្រទេស ​កម្ពុជា​បាន​ស្នើ​សុំ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​លុប​ចោល​ប្រាក់​ បំណុល​នេះ​ដោយ​ចាត់​ទុក​វា​ជា​បំណុល​ដែល​បម្រើ​ឱ្យ​គោល​បំណង​សង្គ្រាម​ហើយ​ ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវ​ការ​ថវិកា​ដើម្បី​អភិវឌ្ឍ​ប្រទេស។
នៅ ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​ ពុធ​លោក​ ហែម ហេង​ ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​តែ​បញ្ជាក់​ពី​ជំហរ​ ដដែល។
«ខ្ញុំ​ជឿ​ជាក់​ថា​សហរដ្ឋ​អាមេរិក​ នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេចក្តី​ សម្រេច​របស់​ខ្លួន​ដែល​ពី​មុន​ថា​ឱ្យ​កម្ពុជា​យើង​សង​បំណុល​ ហើយ​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​ក្រោយ​ពី​លោក​ជំទាវ​គាត់​បាន​ធ្វើ​ទស្សន​កិច្ច​ នៅ​ស្រុក​ខ្មែរ​មក​លោក​ជំទាវ​អាច​នឹង​ប្តូរ​ចិត្ត​ហើយ​នឹង​ពិនិត្យ​មើល​ឡើង​ វិញ​នូវ​ការ​សម្រេច​នេះ​​ ហើយ​ក្រុម​ជំនាញ​នឹង​ទៅ​ពិភាក្សា​ក្នុង​ការ​ដោះស្រាយ​បំណុល​នេះ​ឱ្យ​បាន​ ឆាប់»។
ប៉ុន្តែ​លោក​ ចូសេហ្វ​ យន់​ បាន​បដិសេធ​ចោល​លទ្ធភាព​ដែល​សហរដ្ឋ​អាមេរិក​អាច​នឹង​លប់​ចោល​ប្រាក់​បំណុល​ឬ ​ក៏​បញ្ចុះ​ការប្រាក់​ដែល​កម្ពុជា​បាន​យល់​ព្រម​កាល​ពី​ការ​ចរចា​ក្នុង​ ក្លឹប​ទីក្រុង​ប៉ារីស។​ លោក ​បាន​បញ្ជាក់​ថា​មាន​ច្បាប់​ជា​ច្រើន​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​គោរព​តាម ​ដែល​មាន​ដូច​ជា​ច្បាប់​ពហុភាគី​និង​ច្បាប់​ក្នុង​ស្រុក​របស់​សហរដ្ឋ​ អាមេរិក​ដែល​សភា​តំណាង​រាស្រ្ត​​បាន​​សម្រេច។
«ដូច្នេះ ​យើង​ត្រូវ​ធ្វើ​ការ​រៀបចំ​ឡើង​វិញ​ឬ​កំណត់​កាល​វេលា​ឡើង​វិញ​ និង​ការ​ចរចា​ដោយ​យក​ច្បាប់​ទាំង​ពីរ​នេះ​ជា​គោល​ គឺ​ច្បាប់​ពហុភាគី​ដូច​ដែល​គ្រប់គ្រង​ដោយ​ក្លឹប​ទីក្រុង​ប៉ារីស​និង​ច្បាប់​ ក្នុង​ស្រុក​របស់​យើង​​ជាដើម។​ ដោយ​ស្ថិត​នៅ​ក្នុង​កម្រិត​ដែន​កំណត់​នេះ​យើង​ចង់​ធ្វើ​អ្វី​ដែល​យើង​អាច​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ”។
លោកស្រី ​រដ្ឋមន្រ្តី​ការ​បរទេស​ហ៊ីលឡារី ​ក្លីនតុន​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​ ៣០​ខែ​តុលា​ដល់​ថ្ងៃទី​១​ ខែ​វិច្ឆិកា​​​ដែល​ក្នុង​ពេល​នោះ​លោកស្រី​បាន​សន្យា​ថា​នឹង​បញ្ជូន​ក្រុម​ ការងារ​មក​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់៕

អាជីវកម្ម​តំបន់​កោះពេជ្រ​ត្រូវ​​ប៉ះពាល់​បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា


រូបថត៖ សឹង សុផាត ​វីអួអេ​ ខ្មែរ
តំបន់ ​កម្សាន្ត​មួយ​នៅ​លើ​​ តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​នៅ​ក្រុង​ភ្នំពេញ កក​កុញ​ដោយ​អ្នក​មក​កម្សាន្ត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០ នៅ​ប៉ុន្មាន​ខែ​មុន​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥១​នាក់។

បណ្តាញទាក់ទងគ្នា

«តាំងពី ​កោះពេជ្រ​គេ​បើក​ឱ្យ​​ចូល​វិញ​មក​ គឺយើង​បើក​រហូត​តែ​អត់​ដាច់​ទើបតែ​បាន​ពីរនាក់​សូម្បី​តែ​កន្លែង​លក់​គ្រឿង​ ញ៉ាំ​ គ្រឿងផឹក អី​អត់​មាន​មនុស្ស​តែម្តង​។ ភាគច្រើន​ឱ្យ​​តែ​មេឃ​ងងឹត​​គឺ​មនុស្ស​ទៅ​បាត់​អស់​ហើយ។ គេអត់​ហ៊ាន​នៅ។ ស្ងាត់​គ្រប់​កន្លែងរាល់ថ្ងៃ​!»។
មណ្ឌល ​កម្សាន្ត​កោះ​ពេជ្រ​ដែល​បាន​ក្លាយ​ជាទី​កន្លែង​ដ៏មាន​ប្រជាប្រិយភាព​បំផុត​ មួយ​សម្រាប់​ការលំហែ​ក្នុង​ចំណោម​តំបន់​កម្សាន្ត​ដែល​មាន​តិច​តួច​នៅ​កណ្តាល ​ក្រុង​ភ្នំពេញ​​អស់​រយៈ​ជិត​មួយឆ្នាំ​មកហើយ​នេះ ​នៅពេល​នេះ​កោះពេជ្រ​បាន​ផ្លាស់ប្តូរ​ពីសភាពអ៊ូអរ​មក​ជា​តំបន់​គួរ​ឱ្យ​​ភ័យ ​ខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​វិញ។
ការ ​ផ្លាស់ប្ដូរ​នេះ​បន្ទាប់ពី​មាន​ហេតុការណ៍​រត់ជាន់​គ្នា​នៅយប់​ ចុងក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ថ្ងៃទី​២២​ ខែវិច្ឆិកា ​ដែល​បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់​កើនដល់​ ៣៥២​ និង​៣៩៤​ នាក់​រងរបួស​។
កន្លែង ​កម្សាន្ត​សម្រាប់​កុមារ​ដូច​ជា កន្រ្តកវិល​ សេះ​ យន្តហោះ​ រទេះភ្លើង​ជាដើម​ដែល​ធា្លប់តែ មមាញឹក​អ៊ូអរ​នៅ​ពេល​នេះ​បាន​ផ្អាក​ដំណើរការ​ដោយសារ​តែ​ពុំមាន​កុមារ​មក​ជិះ ​លេង​គ្រប់​គ្រាន់។ រីឯ​ហាង​ទំនិញ​ផ្សេង​ទៀត​ត្រូវ​បង្ខំ​ចិត្ត​បិទ​វិញ​ទៅ​វិញ​ នៅ​ពេល​ដែល​យប់​ងងឹត​មក​ដល់។
លោក​ យៀត ស៊ីណា ​ជាអ្នកគ្រប់គ្រង​កន្លែង​កម្សាន្ត​ក្មេង​មួយ​កន្លែងនៅលើ​កោះ​ពេជ្រ ​បាន​ឱ្យ​​ដឹង​ថា​កន្លែង​កម្សាន្ត​របស់​គាត់​ក្មេងៗ​ចូលចិត្ត​មកលេង​ ច្រើនជាង​កន្លែង​ដទៃ​ពីព្រោះ​មាន​ទីតាំង​ធំ​ជាង​គេ​ហើយ​ក៏មាន​ឧបករណ៍​លេង​ កម្សាន្ត​ច្រើនជាង​គេ​ដែរ​ ក៏​ប៉ុន្តែ​នៅ​​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​ហើយ​គាត់​អាច​រកប្រាក់​បាន​តែ ​១ម៉ឺន​រៀល​​គឺ​ស្មើនឹង​​២,៥ដុល្លារ​អាមេរិក ​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើត​ឡើង​។ គឺខុស​ពី​ពេល​មុន ដែល​គាត់​អាចរក​ប្រាក់​បាន​យ៉ាងតិច​បំផុត ១០០ដុល្លារ​អាមេរិក​ដែរក្នុង​មួយ​​ថ្ងៃ។
«តាំងពី ​កោះពេជ្រ​គេ​បើក​ឱ្យ​​ចូល​វិញ​មក​ គឺយើង​បើក​រហូត​តែ​អត់​ដាច់​ទើបតែ​បាន​ពីរនាក់​សូម្បី​តែ​កន្លែង​លក់​គ្រឿង​ ញ៉ាំ​ គ្រឿងផឹក អី​អត់​មាន​មនុស្ស​តែម្តង​។ ភាគច្រើន​ឱ្យ​​តែ​មេឃ​ងងឹត​​គឺ​មនុស្ស​ទៅ​បាត់​អស់​ហើយ។ គេអត់​ហ៊ាន​នៅ។ ស្ងាត់​គ្រប់​កន្លែងរាល់ថ្ងៃ​!»។
នៅ​ មិនឆ្ងាយ​ពី​កន្លែង​កម្សាន្ត​សម្រាប់​កុមារ ​លោក ឃិន នី ម្ចាស់​កន្លែង​កម្សាន្ត​គប់​ប៉េងប៉ោង​ ដែល​ជា​ល្បែង​ពេញ​និយម​សម្រាប់​យុវវ័យ​ កំពុង​រង់​ចាំ​អតិថិជន។
លោក​ពោលថា ​ប្រាក់​ចំណូល​របស់​លោក​បាន​ធ្លាក់ចុះ​ចំនួន​ដប់ដង​ ធៀបនឹង​រយៈពេល​មុន នឹង​សោកនាដកម្ម​ជាន់លើ​គ្នា​កើត​ឡើង។
«ប៉ុន្មាន ​ថ្ងៃ​តាំងពី​ក្រោយ​កើតហេតុការណ៍​​នោះ​មក​ដូច​បាន​១ម៉ឺន​២ម៉ឺន​ អី។ ​ជួនកាល អត់​រលីង​តែម្តង។ ​២​ថ្ងៃ​៣ថ្ងៃ​ អត់​រលីង​តែម្តង។ ​ឥឡូវ​ចង់​សំណូមពរ​ក្រុមហ៊ុន​ជួយ​បន្ធូរ​បន្ថយ​កុំទាន់​យក លុយ​អី​ ពីព្រោះ​គ្នា​វាលក់​អត់ដាច់​។ វាអត់​ទាន់​មាន​ម៉ូយ​មានអី​ទេ។ ក្រោយ​កើត​ហេតុការណ៍​វា​ស្ងាត់​អត់​សូវ​មាន​មនុស្ស​ចូល។ ​ប្រហែល​ជា​អាច​រត់​ហើយ​ ពីព្រោះ​គ្នា​អត់​បាន​លុយ​បាន​អី​ផង​បាន​លុយ​ណា​បង់​ថ្លៃ​។ ជួន​កាល​អត់បាន​មួយរៀល​ផង»។
នៅតាម​ ភោជនីយដ្ឋាន​ ហាង​លក់​សម្លៀក​បំពាក់​ និង​ហាង​លក់​ទំនិញ​ផ្សេងៗ​ ទៀត​ក៏មាន​សភាព​ស្ងប់ស្ងាត់​ដូចគ្នា​ដែរ។ ភោជនីយដ្ឋាន​ខ្លះ​ធ្លាប់តែ​រក​កន្លែង​អង្គុយ​ស្ទើរតែ​គ្មាន​ក៏​ប៉ុន្តែ​ពេល​ នេះ ស្ទើរ​តែ​រក​មនុស្ស​មក​អង្គុយ​មិនបាន​មួយតុ​ផង។
ថ្លៃ ​ឈ្នួល​តូប​ឬដី​សម្រាប់​ការប្រកប​អាជីវកម្ម​នៅលើ​កោះពេជ្រ​នេះ ​មាន​តម្លៃ​ចាប់ពី​៣០០ ដុល្លារ​អាមេរិក​​រហូត​ទៅដល់​ជាង​៥ពាន់ដុល្លារ​អាមេរិក​ក្នុង​មួយខែ។
ក្រុម​អាជីវករ​និយាយ​ថា​ ពួកគេ​អាច​នឹង​ផ្អាក​ឬ​បញ្ឈប់​អាជីវកម្ម​នៅទីនេះ​ ប្រសិន​បើ​ស្ថានភាព​អាក្រក់​នៅ​តែ​បន្ដ។
កោះពេជ្រ ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​៨០ហិកតា​និង​ស្ថិត​នៅ​ទីតាំង​ដ៏​ ល្អបំផុត​ក្នុង​កណ្តាល​ក្រុង​ភ្នំពេញ។ នៅ​ផ្នែក​ខាងកើត ​ឈៀង​ខាងជើង​ គឺជា​ទន្លេ​បួនមុខ ​ហើយ​កោះនេះ​ផ្ដាច់​ចេញ​ពីដី​គោក​ដោយ​ជ្រលង​អូរ​មួយ​យ៉ាងធំ ​ដែល​មាន​ស្ពាន​តភ្ជាប់​ចំនួនពីរ​។ ហើយ​ស្ពាន​មួយ​ក្នុង​ចំណោម នោះ​ គឺ​ស្ពានពេជ្រ​ ដែល​មាន​ទំហំ​ទ​ទឹង​ជាង​ប្រាំពីរម៉ែត្រ​ និង​បណ្ដោយ​១០០​ម៉ែត្រ គឺជា​ទីលាន​ គ្រោះ​មហន្ដរាយ​នៃ​ការ​ស្លាប់​​អ្នក​ដើរកម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក។
អ្នកក្រុង​ភ្នំពេញ​និយម​ទៅកម្សាន្ត​នៅ​កោះនេះ ​ជាពិសេស​នា​ពេល​រសៀល​ថ្ងៃ​រៀប​អស្តង្គត​ដើម្បី​ស្រូបយក​ខ្យល់​អាកាស​ត្រជាក់​បរិសុទ្ធ។
កោះពេជ្រ ​ក្រៅពី​មាន​បរិយាកាស​ល្អ​ដែល​អំណាយ​ផល​ពី​ធម្មជាតិ​ហើយ​នោះ​ ក៏មាន​សួន​ច្បារ​រៀបចំ​បាន​យ៉ាង​ល្អស្អាត ​ដែល​រចនា​ឡើង​គួរ​ជាទី​គយគន់​ ដោយ​មាន​វាលស្មៅ​ខៀវខ្ចី​ ផ្កា​ចម្រុះ​ ពណ៌​ មាន​រូប​ចម្លាក់​រួម​ទាំង​មាន​ការបាញ់​ទឹក​លម្អ​ផង​ដែរ​ ហើយ​ក៏មាន​កន្លែង​សម្រាប់​កុមារ​លេង កម្សាន្ត​ និង​ទីតាំង​សម្រាប់​រៀបចំ​ពិធី​ជប់​លៀង​មង្គលការ​ជាដើម​។
រយៈពេល ​ចុងក្រោយ​នេះ​ កោះពេជ្រ​បាន​ក្លាយ​ជាទី​កន្លែង​ដែល​គួរជាទី​ទាក់ទាញ​កាន់តែ​ខ្លាំង​ដោយ​មាន ​ការរីកដុះដាល​នូវ​ភោជនីយដ្ឋាន​ ហាង​លក់​ទំនិញ​មួយ​ចំនួន​ដូចជា ហាង​លក់​គ្រឿង​អល្លង្កា​ ហាង​លក់​សម្លៀក​បំពាក់​ជាដើម។​ ហើយ​ក៏ជា​ទីកន្លែង​សម្រាប់​តាំង​ពិព័រណ៌​ដ៏​សម្បូរ​បែប​ផងដែរ​។
ក៏ ​ប៉ុន្តែ​សភាព​បែបនេះ​ ក៏បាន​ប្រែប្រួល​អស់​រលីង​មួយ​ពព្រិចភ្នែក​តែ​ប៉ុណ្ណោះ​។ សូម្បី​តែ​សួនច្បារ​ ដែល​ធ្លាប់​តែ​មាន​មនុស្ស​ជាច្រើន​មក​អង្គុយ​លេង​លំហែកាយ​រហូត​ដល់​យប់​ជ្រៅ ​ មាន​ក្មេងៗ​រត់​លេង​ប្រដេញគ្នា​បែរជា​មាន​មនុស្សម្នា​តិចតួច​បំផុត​នៅ​ពេល​ មេឃ​មិន​ទាន់ងងឹត ​ហើយ​នៅពេល​ ដែល​មេឃងងឹត​មកដល់​អ្នក​កម្សាន្ត​ដ៏តិចតួច​នោះ​ក៏​នាំគ្នា​រូតរះ​ប្រញាប់​ ប្រញាល់​ចេញ​ពីទីនោះវិញ រីឯ​កន្លែង​រៀបចំ​ពិធី​ជប់លៀង​មង្គលការ​ក៏មិនសូវ​មមា​ញឹក​ដូចពី​មុន​ដែរ​។ អ្នកខ្លះ​ពោលថា​ ពិធី​ពិសារ​ភោជនីយ​អាហារ​មង្គលការ​មួយ​ចំនួន​ដែលគ្រោង​ធ្វើនៅ​ទីនេះ ​ត្រូវ​លុបចោល​ដោយសារ​តែ ម្ចាស់​មង្គលការ ​និង​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​មាន​ការ​ភ័យ​ខ្លាច។
នៅ ​ក្នុង​អំឡុង​ពេល​នេះ​ភាគច្រើន​អ្នក​ដែល​ចូល​ទៅ​កោះពេជ្រ​គ្រាន់តែ​ជិះ ​ចុះជិះ​ឡើង​ក្រឡឹង​ តាម​ដងផ្លូវ​តែប៉ុណ្ណោះ​មិនសូវ​ឈប់​អង្គុយ​លេង​ដូច​មុននោះទេ​។ នេះ​បើយោង​ទៅតាម​ការ​កត់​សម្គាល់​របស់​លោក​ យៀត ស៊ីណា ​និង​អាជីវករ​ដទៃ​ទៀត។
«ភាគ​ច្រើន​គេ​ចង់​ ដឹង​ចង់ឮ គេគ្រាន់​តែ​មក​ជិះលេង​តែ​ប៉ុណ្ណោះ​ ហើយថា​មេឃ​ឱ្យ​​តែងងឹត​ អត់ មាន​មនុស្ស​តែម្តង​ដូចគេ​នៅ​ខ្លាច​នៅ​អី​អញ្ចឹង»។
យ៉ាង ​ណា​ក៏ដោយ​អ្នក​ដើរកំសាន្ដ​នៅ​កោះពេជ្រ​មួយ​ចំនួន​ បាន​ពោល​ដោយ​ប្រយ័ត្នប្រយែង​ថា ពួក​គេមិនបាន​ភ័យខ្លាច​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើតឡើង​នោះទេ។
រហូត ​មកដល់​ពេល​នេះ​គេ​នៅមិនទាន់​ឃើញ​មាន​អ្នក​នយោបាយ​ឬ អ្នក​សេដ្ឋកិច្ចណា ម្នាក់​ហ៊ាន​អះអាង​ថា កោះពេជ្រ​អាច​វិល​ទៅរក​សភាព​ល្អ​ឡើង​វិញ​ដូច​កាលពី​មិនទាន់​កើត​ហេតុ​ការណ៍​ នៅ​ពេល​ណា​នោះ​ទេ។
លោក​ ពុង ខៀវសែ​ អគ្គនាយក​ធនាគារ​កាណាឌីយ៉ា ​ដែល​ត្រូវ​គេ​ដឹងថា​ គឺជា​ថៅកែ​កោះ​ពេជ្រ​ផងដែរ ​មិនអាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ដោយ​សារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​ គ្មាន​អ្នក​ទទួល​។ រីឯ​អ្នកគ្រប់គ្រង​នៅ​កោះពេជ្រ​មួយ​ចំនួន​ទៀត​ បាន​បដិសេធ​ផ្ដល់​បទ​សម្ភាស​។
ក៏​ប៉ុន្តែ​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជាក់​យ៉ាងច្បាស់​ នៅក្នុង​ពិធី​សម្ពោធ​អា​គារ​ទីស្តីការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​ យុវ​និតី​សម្បទា ​កាល​សប្តាហ៍​មុន​ថា​ លោក​ជំរុញ​ឲ្យ​មាន​ការបង្កើន​ការអភិវឌ្ឍ​កោះ​ពេជ្រ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ ថែម​ទៀត​ និង​ត្រូវ​សង់​ស្ពានថ្មី​បន្ថែម​ទៀត៕

 ​​​​​​​​​ក្រុម​​គ្រួសារ​​ជន​រងគ្រោះ​ដែល​​បាន​​ស្លាប់​​បាត់បង់​​ជីវិត​​
​​​​​​​ចំនួន​​ ៨៣​នាក់​​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញបានទទួលអំណោយ
ក្រុម ​​គ្រួសារ​​ជន​រងគ្រោះ​ដែល​​បាន​​ស្លាប់​​បាត់បង់​​ជីវិត​​ចំនួន​​ ៨៣​នាក់​​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​ ​ដោយ​សារ​​ឧបទ្ទវ​ហេតុ​​នៅ​​មណ្ឌល​​កម្សាន្ត​​កោះពេជ្រ​ ​បាន​​ទទួល​​អំណោយ​​​​​​​លើក​​ដំបូង​​ពី​​ស្ថានីយ៍​ទូរ​ទស្សន៍​​​បាយ័ន។​ ស្ថានីយ៍​នេះ​​បាន​​ធ្វើ​​យុទ្ធនាការ​​រៃ​អង្គាស​​ប្រាក់​​ពី​សប្បុរស​ជន​​ ដើម្បី​​ជួយ​​ដល់​ជន​រងគ្រោះ។​ ​ក៏​ប៉ុន្តែ​កន្លង​មក​​បាន​ទទួល​ការ​រិះគន់​ថា​ ​​ការ​រៃអង្គាស​ប្រាក់​នេះ​មិន​បាន​ផ្ដល់​ដល់​ជន​រងគ្រោះ​ទេ។
ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​របស់​លោក​ស្រី​ហ៊ុន ម៉ាណា​ ​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​នៅថ្ងៃ​ពុធនេះ​ ​បាន​ចាប់ផ្តើម​ចែក​ថវិកា​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ​កាល​ពី​ថ្ងៃទី​២២​ខែ​វិច្ឆិកា ​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ប្រមាណ​ជិត​១.០០០​នាក់។
ការ​ផ្តល់​ថវិកា​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​សា្ថនីយ៍​ទូរទស្សន៍​នេះ​ បាន​ធ្វើ​យុទ្ធ​នាការ​រៃអង្គាស​ប្រាក់​ពី​សប្បុរស​ជន​ ដែល​មាន​ចំនួន​ជាង​ពីរ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។
កាល​ពី​សប្តាហ៍​មុន​ ​គណបក្ស​ប្រឆាំង ​និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ធ្វើ​ការ​បរិហារ​រិះគន់​ ថា​ ​មូលនិធិ​ដែល​បង្កើត​ឡើង​ដោយ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ និង​ស្ថានីយ៍​ទូរទស្សន៍​ CTN ​កំពុង​តែ​ធ្វើ​អាជីវ​កម្ម​លើ​ជន​រងគ្រោះ​ និង​បាន​សង្ស័យ​ថា​ ​ថវិកា​ដែល​​ប្រមូល​បាន​នេះ​មិន​បាន​ដល់​ដៃ​ជន​រងគ្រោះ​ទេ។
នៅ​​ក្នុ​ង​ពិធី​ផ្តល់​អំណោយ​ដែល​ធ្វើ​ឡើង​ដោយ​ស្ថានីយ៍​ទូរ​ទស្សន៍​ បាយ័ន​ ​លោក​ទិត្យ ថាវរិទ្ធ ​អគ្គ​នាយក​រង​នៃ​ស្ថានីយ៍​វិទ្យុ​ ​និង​ទូរទស្សន៍​​បាន​ថ្លែង​ថា​ ​ការ​ផ្តល់​អំណោយ​មូលនិធិ​នេះ​គឺ​បញ្ជប់​នូវ​ការ​សង្ស័យ​ទាំង​ឡាយ​អំពី​ការ​ រិះគន់​ថា​ ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​បាន​ប្រើបា្រស់​ថវិកា​ ដែល​បាន​មក​ពី​សប្បុរស​ជន​មិន​ត្រឹម​ត្រូវ។
លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ថវិកា​ដែល​ត្រូវ​ចែក​ជន​រងគ្រោះ​​សរុប​ចំនួន​៣៥១​នាក់។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​បាន​ប្រាក់រៀល​ចំនួន​ប្រមាណ​ជិត​៧លាន​រៀល​និង ​ប្រមាណ​ជាង​៣៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក។
លោក​កែប ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​ ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្តល់​អំណោយ​នោះ​ ​បាន​ថ្លែង​កោត​សរសើរ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ​ដែល​បាន​ជួយ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ដែល​រង​គ្រោះ​នៅលើ​ស្ពាន​ពេជ្រ​នោះ។
«អំណោយ​ និង​ថវិកា​នេះ​ពុំ​ត្រឹម​តែ​បាន​ជួយ​សម្រាល​ដល់​គ្រួសារ​សព​​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ស្នេហា​ជាតិ​ ​ការ​រួម​សាមគ្គី​ជា​ធ្លុង​មួយ​របស់​ប្រជាជន​កម្ពុជា​ ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន»។
ប្រជា​ពលរដ្ឋ ​ដែល​បាន​ទទួល​ថវិកា​ពី​មូល​និធិ​ទូរទស្សន៍​បាយ័ន​ ​ភាគ​ច្រើន​បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ ​ហើយ​​មួយ​ចំនួន​ទៀត​​បាន​យំ​ក្តុកក្តួល​ ​ដោយសារ​តែ​ទឹក​ប្រាក់​ទាំងនេះ​មិន​អាច​លុប​ស្នាម​ដ៏​សោកសៅ​នៃ​ការ​បាត់បង់​ ជីវិត​សាច់ញាត្តិ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ទេ។
«ខ្ញុំ​ចាំ​នៅ​ពេទ្យ​រុស្ស៊ី​ ​ឃើញ​ឡាន​ទី​មួយ​​ ​ឡាន​ទី២​ ​ឡាន​ទី៣។​ ខ្ញុំ​ឃើញ​កូន​ខ្ញុំ​ទន់​ជង្គង់។ ​ខ្ញុំ​អាណោច​អធ័ម​កូន​ខ្ញុំ​ណាស់»។
លោក​ចាន់ សេរី ​អាយុ​៣៧​ឆ្នាំ​ ​ជា​មន្រ្តី​យោធា​មួយ​រូប​ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ចំនួន​បួននាក់​ ​រួម​មាន​ប្រពន្ធ ​និង​កូន​ជាទី​ស្រឡាញ់​ចំនួន​បីនាក់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រត់​ជាន់​គ្នា​នៅ ​លើ​ស្ពានពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​នោះ​ ​បាន​និយាយ​ថា​ ​ថវិកា​ទាំងនេះ​នឹង​អាច​ជួយ​ឲ្យ​លោក​កសាង​ជីវភាព​ឲ្យ​បាន​សមរម្យ។
លោក​បាន​មាន​ប្រសាសន៍​ថា​ ​លោក​នៅតែ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ភរិយា ​និង​កូន​ជា​ទីស្រឡាញ់​ទាំងបី​​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្ងៃ ​នោះ។
«បាទ​ មាន​ការ​សោកស្តាយ​ខ្លាំង​មែន​ទែន។ ​សោក​ស្តាយ​ជីវិត​ប្រពន្ធ​ ​កូន ​ដែល​ធ្លាប់​​​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត។ ​ពេល​បែកបាក់​គ្នា​អញ្ចឹង​ ​ដូចដឹង​ស្រាប់​ហើយ​ ​អ្នក​ណា​ក៏​ដូច​អ្នកណា​ ​មាន​ការ​សោក​ស្តាយ​ដូច​គ្នា»។
លោក​ ភា ចាន់ណារ៉ា ​អាយុ​៤៣​ឆ្នាំ​ ដែល​ត្រូវ​ជា​បង​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ​ភារី​ អាយុ​២៤​ឆ្នាំ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​ស្ពាន​ពេជ្រ​នោះ​ ​បាន​រៀបរាប់​ថា​ ​​លោក​នឹង​យក​ទឹក​ប្រាក់​ទាំង​នេះ​ទៅ​ធ្វើបុណ្យ​ និង​ជួយ​ដល់​ម្តាយ​ដែល​មាន​វ័យ​ចាស់​ជរា។
«ទីមួយ​យក​សម្រាប់​ធ្វើ​បុណ្យ​១០០ថ្ងៃ ​ឬ​ក៏​មួយ​ឆ្នាំ​ ​បន្ត​ទៅ​ទៀត​ហើយ​ ​និង​ជួយ​ដល់​ម្តាយ​ខ្ញុំ​ ​ដែល​គាត់​ចាស់​ជរា​ ​គ្មាន​អ្វី​ទីពឹង​ ​ហើយ​និង​កូនអ្នកស្លាប់។​ ស្លាប់​ម្នាក់​ទៀត​ ​សព​ប្អូន​ស្រី»។
ឧបទ្ទវ​ហេតុ​ ​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ​កាល​ពី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រមាណ​៣៥១​នាក់ ​និង​៣៩៥​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស។
ស្ថានីយ៍​ធំៗ​ចំនួន​ពីរ​គឺ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ​និង​ស្ថានីយ៍​ទូរទស្សន៍​ CTN​ ​បាន​បង្កើត​មូលនិធិ​នេះ​ឡើង​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ។
ស្ថានីយ៍​ទូរទស្សន៍​ CTN ​បាន​ប្រមូល​ថវិកា​ប្រមាណ​ជាង​៨៥​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ និង​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​​បាន​ប្រមូល​ទឹកប្រាក់​ប្រមាណ​ជាង​ពីរ​លាន​ ប្រាំសែន​ ដុល្លារ​សហ​រដ្ឋ​អាមេរិក។
រដ្ឋាភិបាល​កម្ពុជា​​បាន​ប្រកាស​ថា​ ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​អាច​ទទួល​ថវិកា​ចំនួន​ជាង​១២០០០​ ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ៕

មន្ត្រី​ពន្ធដាររ​ពុក​រលួយ​អាច​បាត់បង់​ការងារ​ ឬ​ពិន័យ

 

ភ្នំពេញ៖ ភ្នាក់ងារ​ពន្ធដាររ​មួយ​ចំនួន​នឹង​ត្រូវ​បាត់បង់​ការងារ​ ​ដោយសារ​ការ​ទារ​ប្រាក់​លើស​ពី​អ្នក​បង់​ពន្ធទោចក្រ​​យានយន្ត​ ​​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ ឃើញ​ទោស​កំហុស​របស់​ភ្នាក់ងារ​ពន្ធដារ​ទាំង​នេះ​ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ អង្គការ​សង្គម​ស៊ីវិល​បាន​ស្វាគមន៍​ចំណាត់​វិធានការ​របស់​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ ដែល​មាន​ឆន្ទៈ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ពាក្យ​បណ្តឹង​ចំនួន​៩០​របស់​ អង្គការ​សង្គមស៊ីវិល​និង​បាន​រក​ឃើញ​អ្នក​មាន​ទោស​កំហុស​នេះ។
លោក​ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ភ្នាក់ងារ​ពន្ធដារ​​ចំនួន​៣០​នាក់​នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ពី​ការងារ​ចំពោះ​អំពើ ​ពុក​រលួយ​ទាក់ទង​នឹង​ការ​ទារប្រាក់​លើស ​នៅ​ក្នុង​ការ​លក់​ប័ណ្ណ​បង់ពន្ធ​ទោចក្រ​យានយន្ត​ប្រចាំ​ឆ្នាំ​២០១០។​ លោក​ឱម យិនទៀង​​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​ អំពើ​ពុករលួយ​​ថា​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​រក​ឃើញ​ភ្នាក់ងារ​ពន្ធដារ​ចំនួន​៣០​ នាក់​ដែល​បាន​ទារប្រាក់​លើស ​៥០០០​រៀល​សម្រាប់​យានយន្ត​មួយ​គ្រឿង។
លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បន្ត​ថា​ ​លោក​នឹង​បញ្ជូន​ឯកសារ​ភស្តុតាង​ទាក់ទង​នឹង​ភ្នាក់ងារ​ពន្ធដារ​៣០​នាក់​នេះ​ ទៅ​ក្រសួង​ហិរញ្ញ​វត្ថុ​និង​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ដើម្បី​ ដាក់​ទណ្ឌ​កម្ម​រដ្ឋបាល។
«យើង​ខ្ញុំ​ស្នើ​ទៅ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​សុំដាក់​ពិន័យ​រដ្ឋបាល​នៅ​ ស្អែក​ព្រឹក​ ហើយ​សូម​រាយ​ការណ៍​មក​ឱ្យ​យើង​ខ្ញុំ​វិញ។ ​ខ្ញុំ​ជឿ​ថា​ ​កំហុស​ធ្ងន់​បំផុត​ត្រូវ​បញ្ឈប់​ពី​ការងារ​ ​មិន​ដំឡើង​ឋានៈ​ ​និង​ព្យួរ​ការងារ។​ ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​គិត​ថា​ ​កំហុស​ធ្ងន់​ជាង​គេ​បំផុត​គឺ​បណ្តេញ​ចេញ​ពី​ការងារ»។
ពិន័យ​រដ្ឋបាល​មាន​ការ​ស្តីបន្ទោស​ ​ការ​មិន​ដំឡើង​ឋានៈ​ ​ការ​ព្យួរ​ការងារ ​និង​ការ​បណ្តេញ​ចេញ​ពី​ការងារ​ ​ស្រប​តាម​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្ត។
លោក​ឱម យិនទៀង​បាន​បញ្ជាក់​ថា​ ​ភស្តុតាង​ជាក់​ស្តែង​ចំនួន​១៤​ទំព័រ​បាន​បង្ហាញ​ថា​ ​ភ្នាក់ងារ​ពន្ធដារ​ចំនួន​៣០​នាក់​បាន​ទារ​ប្រាក់​លើស​ពី​អ្នក​បង់ពន្ធ​ដោយ​ មាន​រូបថត​ ​ឈ្មោះ​ ​អត្តលេខ​ ​និង​ទី​កន្លែង។ ​ឯកសារ​ភស្តុតាង​នេះ​បាន​សរសេរ​ថា​ ​មន្ត្រី​លក់​ពន្ធ​ចល័ត​ទារប្រាក់​លើស​៥០០០​រៀល​ពី​អ្នក​បង់ពន្ធ​ផ្លូវ​ ដោយ​យក​លេស​ថា​ ​ថ្លៃ​ឯកសារ​ ​ថ្លៃ​សរសេរ​បំពេញ​ឯកសារ​ ​ថ្លៃ​ទិញ​ទឹក​បរិសុទ្ធ​បរិភោគ។
លោក​ សន ជ័យ​ ​ប្រធាន​រួបរួម​ដើម្បី​គណនេយ្យ​សង្គម​ ​បាន​ថ្លែង​ថា​ ​លោក​អបអរ​សាទរ​ចំពោះ​ចំណាត់​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​មាន​ឆន្ទៈ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ពាក្យ​បណ្តឹង​ចំនួន​៩០​របស់​ អង្គការ​សង្គម​ស៊ីវិល ​និង​បាន​រក​ឃើញ​អ្នកមាន​កំហុស​នេះ។
«ការ​ដាក់​ពិន័យ​រដ្ឋបាល​ជា​ការរួមចំណែក​មួយ​នៅ​ក្នុង​ការ​លុប​បំបាត់​ ការ​​ទារប្រាក់​លើស​ ​ពីអ្នក​បង់ពន្ធ​ ​នៅ​ពេល​ប្រមូល​ពន្ធ​នេះ។​ នៅ​ឆ្នាំ​បន្ទាប់​ទៀត​ យើង​ចង់​ឃើញ​ការ​ដាក់ទោស​ទាក់ទង​នឹង​បទ​ពុករលួយ​ ​ដូច​ជា​ ​ការ​ដាក់​ពន្ធនាគារ​ជាដើម​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ ​ការ​ពិន័យ​រដ្ឋបាល​គឺ​ជា​ទង្វើ​មួយ​ដែល​អាច​ទទួល​យក​បាន​ពី​សង្គម​ស៊ីវិល»។
មន្ត្រី​នៅ​អគ្គ​នាយដ្ឋាន​ពន្ធដារ​​បាន​បញ្ជាក់​ថា​ ​ភ្នាក់ងារ​ពន្ធដារ​ដែល​មាន​នៅ​ក្នុង​បញ្ជី​របស់​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ​មិនអាច​គេច​ផុត​ពីកា​រដាក់​ទណ្ឌកម្ម​រដ្ឋបាល​បាន​ទេ។
នៅ​ចុង​ខែកញ្ញា​ ​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ពាក្យ​ប្តឹង​ចំនួន​៩០​ដែល​តំណាង​ឱ្យ​ប្រជា​ ពលរដ្ឋ​ច្រើន​រាប់​ពាន់​នាក់​នៅ​ទូទាំងប្រទេស​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ។
ក្នុង​ព្រឹត្តិ​ការណ៍​​មួយទៀត​ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ខ្លួន​ចាប់​អតីត​ប្រធាន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិសាត់​អំពី​បទ​ ពុករលួយ​ ​ចាប់​ជំរិត​មនុស្ស​ ​ទារប្រាក់​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់។
លោក​តុប ច័ន្ទសិរីវុធ​ ​ប្រធាន​ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​ពោធិសាត់​ ​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ ព័ត៌មាន​ចារកម្ម​ ​និង​ភស្តុតាង​គ្រប់​គ្រាន់៕